ជ្រើសរើសភាសា: Khmer Khmer English English
លោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ធំ បានចូលរួមប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នៅសណ្ឋាគារ ហ្គាឌិនស៊ីធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៣ ខែកុម្ភះ ឆ្នាំ ២០២៤

“ឆ្លងកាត់ការអនុវត្ត អស់រយៈពេលជាង ២០ ឆ្នាំ រហូតមកដល់ដំណាក់កាលទី ៤ នៅពេលនេះ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ  សម្រេចបានវឌ្ឍនភាពជាច្រើន គួរជាទីមោទនៈ ។ សមិទ្ធផលដ៏សំខាន់បំផុតមួយ ក្នុងពេលថ្មីៗចុងក្រោយនេះ គឺ ការណ៍ដែលកម្ពុជាបានពុះពារជម្នះឆ្លងកាត់បានដោយជោគជ័យ នូវវិបត្តិជំងឺកូវីដ-១៩, ខណៈស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់ជាតិ ត្រូវបានរក្សាក្នុងសភាពរឹងមាំល្អ, ស្របពេលដែលប្រទេសមានការអភិវឌ្ឍតិចតួច មួយចំនួនទៀតនៅលើពិភពលោក, ថ្វីត្បិតថា អាចឆ្លងកាត់វិបត្តិជាសកលនេះ បានជោគជ័យ ក៏ពិតមែន, ប៉ុន្តែ បានធ្លាក់ជាប់ផុងក្នុងស្ថានភាពបំណុលកម្រិតខ្ពស់” នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) ក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។

នាថ្ងៃអង្គារ ៤ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ឆ្នាំ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤, វេលាម៉ោង ៩:០០នាទីព្រឹក, នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី កសហវ. និងជាប្រធាន គ.ហ.ស. បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើក កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល, ឯកឧត្ដម ឌ្រីសម៉ាន់ អីហ្គោរ៍ (Diesmans Igor) ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុប និងជាតំណាងដៃគូអភិវឌ្ឍន៍, ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួង-ស្ថាប័ន , ដៃគូអភិវឌ្ឍន៍, ឯកឧត្ដម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ដ, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល។


ព័ត៌មានទាក់ទង